ស្នងការខេត្តកំពត ផ្ញើសារដាស់តឿនយុវជនម្នាក់៖ គេចបានមួយរយៈ តែមិនអាចគេចបានមួយជីវិតឡើយ គួរចូលខ្លួនមកដោះស្រាយ

(ខេត្តកំពត)៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានផ្ញើសារអប់រំ និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែក៏បង្កប់ដោយក្តីមេត្តាដល់យុវជនម្នាក់ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ឱ្យប្រញាប់ចូលខ្លួនមកជួបសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស។

តាមរយៈសារអំពាវនាវរបស់សមត្ថកិច្ចបានបញ្ជាក់ថា ការរត់គេចខ្លួនមិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ ដោយបានសង្កត់ធ្ងន់ថា៖ «ក្មួយអាចគេចបានមួយថ្ងៃពីរថ្ងៃ មួយអាទិត្យពីរអាទិត្យ ប៉ុន្តែក្មួយមិនអាចគេចបានមួយជីវិតនោះទេ»។

សមត្ថកិច្ចបានលើកទឹកចិត្តឱ្យយុវជនរូបនោះ ពិចារណាអំពីអនាគតវែងឆ្ងាយរបស់ខ្លួន ដោយសារតែគេនៅមានវ័យក្មេង និងនៅមានឱកាសច្រើនក្នុងការកែប្រែខ្លួនឱ្យក្លាយជាមនុស្សល្អក្នុងសង្គមឡើងវិញ។ ការចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅពេលនេះ គឺជាជម្រើសដ៏ល្អបំផុត ដើម្បីបញ្ឈប់ការផ្តល់ការលំបាក និងការព្រួយបារម្ភដល់ក្រុមគ្រួសារបន្ថែមទៀត។

ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានអំពាវនាវដល់មិត្តភក្កិ និងអ្នកដែលនៅជិតស្និទ្ធនឹងយុវជនរូបនោះ ជួយពន្យល់ណែនាំ និងផ្តល់កម្លាំងចិត្តដល់រូបគេ ឱ្យហ៊ានចេញមុខមកទទួលខុសត្រូវចំពោះមុខច្បាប់ និងមកជួបសមត្ថកិច្ចកាន់តែឆាប់កាន់តែល្អ។

សារនេះត្រូវបានគេមើលឃើញថា ជាការបើកផ្លូវឱ្យជនសង្ស័យបានកែខ្លួន និងទទួលយកការដោះស្រាយតាមនីតិវិធី ជាជាងការបន្តរស់នៅក្នុងភាពភ័យខ្លាច និងការលាក់ខ្លួនពីសមត្ថកិច្ចដែលមិនអាចជៀសផុតបាន៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *