បាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យម្នាក់ ដែលបានបើកបររថយន្តប្រណីតម៉ាក Mercedes-Benz AMG GT53 បង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះចំនួន៦នាក់ ក្នុងនោះស្លាប់រហូតដល់៥នាក់ រួមទាំងស្រ្តីមានផ្ទៃពោះម្នាក់ទៀតផង។ ក្រោយបង្កហេតុ ជនសង្ស័យបានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២និង៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្ត០១គ្រឿង ម៉ាក Mercedes-Benz AMG GT53 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.6168 (អ្នកបើកបររត់គេចខ្លួន) ជាមួយនឹងម៉ូតូចំនួន០២គ្រឿង។
ម៉ូតូទី១ ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1H-2105 ជិះគ្នាចំនួន០៣នាក់ បណ្តាលឲ្យស្លាប់ចំនួន០២នាក់ (ស្រី) និងរងរបួសធ្ងន់០១នាក់ (ប្រុស)។ រីឯម៉ូតូទី២ ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នាចំនួន០៣នាក់ បណ្តាលឲ្យស្លាប់ទាំង៣នាក់ (ប្រុស២នាក់ ស្រី១នាក់)។
សរុបជនរងគ្រោះស្លាប់ចំនួន០៥នាក់ (ប្រុស០២នាក់ ស្រី០៣នាក់) ក្នុងនោះស្រ្តីម្នាក់មានគភ៌ចំនួន០៣ខែ (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន០១នាក់ (ប្រុស)។ ជនរងគ្រោះទាំងអស់មានទីលំនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ តាមការបឋម គេដឹងថា ជនរងគ្រោះទាំងនោះកំពុងវិលត្រឡប់មកពីទស្សនាការប្រគំតន្ត្រីមួយកន្លែង ក្នុងទីរួមស្រុកមោងឫស្សី នារាត្រីដដែល។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់ទីតាំងដើម្បីធ្វើការវាស់វែង ប្រមូលភស្តុតាង និងនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ព្រមទាំងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ។
តាមរយៈផ្លាកលេខរថយន្ត សមត្ថកិច្ចបានស្រាវជ្រាវរកឃើញអត្តសញ្ញាណម្ចាស់រថយន្តឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស កើតថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៦ មានទីលំនៅផ្ទះលេខ១៧ ផ្លូវលេខ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានទំនាក់ទំនងទៅឈ្មោះ ស៊ីវ សុជាតិ ដែលជាឪពុករបស់ជនសង្ស័យ ដើម្បីឲ្យចូលសហការ។ លោក ស៊ីវ សុជាតិ បានបញ្ជាក់ថា រថយន្តខាងលើពិតជាកម្មសិទ្ធិរបស់កូនប្រុសខ្លួនមែន ហើយនៅថ្ងៃកើតហេតុ កូនរបស់លោកបានបើករថយន្តចេញពីភ្នំពេញមកកាន់ទិសដៅខេត្តបាត់ដំបង។ លោកក៏បានទទួលដំណឹងថាកូនប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនទាន់ដឹងថាកូនរបស់ខ្លួនស្ថិតនៅទីណានោះទេ។ សមត្ថកិច្ចបានស្នើឲ្យលោក ស៊ីវ សុជាតិ បន្តសហការក្នុងការស្វែងរកជនសង្ស័យមកទទួលខុសត្រូវតាមផ្លូវច្បាប់។
បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង កំពុងបន្តពង្រឹងការស្រាវជ្រាវ ដោយប្រមូលភស្តុតាងបន្ថែមពីកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវពីភ្នំពេញមកបាត់ដំបង និងប្រភពផ្សេងៗទៀត ដើម្បីវាយតម្លៃ និងសន្និដ្ឋានឲ្យបានជាក់លាក់។ សមត្ថកិច្ចកំពុងសហការស្វែងរកជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


