(បាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានបណ្ដាលឱ្យមនុស្សចំនួន ៦នាក់ស្លាប់បាត់បង់ជីវិតនៅខេត្តបាត់ដំបង កំពុងក្លាយជាប្រធានបទក្ដៅគគុក និងបង្កើតឱ្យមានរលកនៃវិប្បដិសារីយ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) បានបង្ហោះសារយ៉ាងខ្លីតែមានអត្ថន័យខ្លាំងក្លា ក្នុងន័យព្រមាន និងដាស់តឿនដល់ជនបង្កដែលកំពុងគេចខ្លួនថា៖ «បើឪពុកក្មួយឯងមិនចេះប្រដៅក្មួយឯង ក្មួយឯងចូលខ្លួនមក ចាំពូជួយអប់រំជំនួស»។ សារនេះត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលជនបង្កមកអនុវត្តទោស និងអប់រំកែប្រែនៅក្នុងពន្ធនាគារ ប្រសិនបើត្រូវបានចាប់ខ្លួន ឬចូលខ្លួនមកសារភាព។
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសន្និដ្ឋានថា ជនសង្ស័យដែលជាអ្នកបើកបររថយន្តបង្កហេតុបុកម៉ូតូពេញទំហឹងនោះ មានឈ្មោះ ស៊ីវ ជ័យសិដ្ឋ។ ឧបទ្ទវហេតុដ៏អយុត្តិធម៌នេះបានឆក់យកជីវិតមនុស្សស្លូតត្រង់រហូតដល់ ៦នាក់ ក្នុងនោះក៏មានទារកក្នុងផ្ទៃអាយុ ៣ខែម្នាក់ផងដែរ ដែលធ្វើឱ្យមហាជនសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងទាមទារឱ្យមានការផ្ដន្ទាទោសទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។
ដោយឡែក បើតាមចម្លើយសារភាពបឋមពីសំណាក់ឪពុករបស់ជនបង្ក បានប្រាប់សមត្ថកិច្ចថា រូបលោកមិនអាចទាក់ទងកូនប្រុសបានឡើយចាប់តាំងពីក្រោយកើតហេតុមក ហើយលោកក៏ពុំបានដឹងថា កូនប្រុសរបស់ខ្លួនកំពុងរត់ទៅសម្ងំលាក់ខ្លួននៅទីកន្លែងណានោះដែរ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងតែបន្តនីតិវិធីស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមស្វែងរក និងនាំខ្លួនបុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យខានតែបាន ដើម្បីផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារសពដែលបានបាត់បង់សមាជិកយ៉ាងច្រើនក្នុងពេលតែមួយបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ

