ថ្ងៃអន្សារបស់ថៃ! ពីការបាក់ដងស្ទូច ដល់ការឆេះស្ពានភូមិបុល សុវត្ថិភាពសាធារណៈកំពុងស្ថិតក្នុងគ្រោះថ្នាក់

ថ្ងៃ «រលាយ» របស់ថៃ! ត្រឹមមួយថ្ងៃជួបគ្រោះធំ ២ផ្ទួនៗ បង្ហាញយ៉ាងច្បាស់ពីភាព «គ្មានស្តង់ដារ» និងការធ្វេសប្រហែសដ៏គួរឱ្យអាម៉ាស់

(បាងកក)៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ អាចចាត់ទុកជាថ្ងៃនៃក្តីអាម៉ាស់ និងជាថ្ងៃ «យីអ៊ុនដាក់» បំផុតសម្រាប់ប្រទេសថៃ ដែលតែងតែអួតអាងពីភាពស៊ីវិល័យរបស់ខ្លួន។ ត្រឹមតែរយៈពេលមិនដល់ ២៤ម៉ោងផង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានបង្កគ្រោះមហន្តរាយផ្ទួនៗគ្នា ដែលបង្ហាញឱ្យឃើញពីភាពធូររលុង និងកំសោយនៃប្រព័ន្ធសុវត្ថិភាពសាធារណៈនៅក្នុងប្រទេសមួយនេះ។

បន្ទាប់ពីករណីបាក់ដងស្ទូចដ៏រន្ធត់កាលពីព្រឹកមិញ ដែលបានឆក់យកជីវិតមនុស្ស ២នាក់ និងរបួស ១នាក់ ដោយសារតែការធ្វេសប្រហែសក្នុងវិស័យសំណង់រួចមក ស្រាប់តែនៅវេលាម៉ោង ៧:៣០នាទីយប់នេះ អគ្គិភ័យដ៏សន្ធោសន្ធៅបានលេបត្របាក់បំពង់បង្ហូរទឹកនៅតួស្ពាន «ភូមិបុល អាឌុលយ៉ាដេត» (ស្ពានរាមាទី៩) ដែលជាស្ពានមុខមាត់ជាតិដ៏សំខាន់មួយ។

ហេតុការណ៍ឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលរាជធានីបែបនេះ មិនត្រឹមតែបង្កការភ័យខ្លាចដល់ពលរដ្ឋប៉ុណ្ណោះទេ តែវាបានលាតត្រដាងនូវចំណុចខ្សោយនៃការថែទាំហេដ្ឋារចនាសម្ព័ន្ធរបស់ថៃ ដែលហាក់ដូចជាទុកឱ្យមានហានិភ័យកើតឡើងតាមទំនើងចិត្ត។ តើបច្ចេកទេស និងស្តង់ដារសុវត្ថិភាពដែលថៃតែងតែមោទកភាពនោះ នៅឯណា? ឬមួយមានតែល្អមើលតែសំបកក្រៅ តែខាងក្នុងពោរពេញដោយគ្រោះថ្នាក់?

ទោះបីជាមន្ត្រីជំនាញកំពុងព្យាយាមពន្លត់យ៉ាងណាក៏ដោយ ក៏ហេតុការណ៍ទាំងពីរដែលកើតឡើងក្នុងថ្ងៃតែមួយនេះ គឺជាសារព្រមានដ៏ធ្ងន់ធ្ងរមួយថា ប្រព័ន្ធសុវត្ថិភាពសំណង់និងការគ្រប់គ្រងគ្រោះមហន្តរាយរបស់ថៃ កំពុងស្ថិតក្នុងកម្រិតមួយដែលគួរឱ្យព្រួយបារម្ភ និងរិះគន់បំផុត។ នេះជាមេរៀនដ៏ជូរចត់សម្រាប់ប្រទេសដែលតាំងខ្លួនជា «ខ្លា» ក្នុងតំបន់ តែបែរជាបណ្តោយឱ្យពលរដ្ឋស្លាប់ និងហេដ្ឋារចនាសម្ព័ន្ធឆេះខ្លោចដោយងាយៗបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *