(ភ្នំពេញ)៖ «ក្រោយភ្លៀង មេឃស្រឡះ» ករណីវីដេអូរបស់បងប្រុសជាទាហានដែលបានបង្ហោះរៀបរាប់ទាំងទឹកភ្នែកអំពីការបង់រំលស់ផ្ទះ និងបញ្ហាយឺតយ៉ាវនោះ តាមពិតគឺជា រឿងចាស់ដែលបានកើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ហើយក៏ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ហើយដែរ។
យោងតាមប្រភពព័ត៌មានពិតបានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីមានបញ្ហានោះកើតឡើង ខាងក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមុខសម្របសម្រួល និងដោះស្រាយជូនបងប្រុសជាទាហានរូបនោះរួចរាល់ភ្លាមៗ។ ភាគីទាំងពីរបានបញ្ចប់រឿងដោយការយោគយល់ និងមានការថតរូបជុំគ្នាប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយ ដែលបញ្ជាក់ថាបងប្រុសយោធាបានទទួលយកដំណោះស្រាយដោយពេញចិត្ត។
ការដែលឃើញមានវីដេអូនេះ ផ្ទុះការចែកចាយឡើងវិញនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ គឺជាការយកវីដេអូចាស់មកបង្ហោះឡើងវិញ (Re-up) តែប៉ុណ្ណោះ ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំថាជារឿងថ្មី។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាកុំមានការភាន់ច្រឡំ ព្រោះរឿងរ៉ាវត្រូវបានបញ្ចប់ដោយសន្តិវិធីនិងសប្បាយរីករាយតាំងពីឆ្នាំមុនមកម្ល៉េះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ