កាន់តែអាណិត! ស៊ុក សុភា បង្ហាញពីសភាពលោក យូ ឌីស្កូ ដែលកំពុងសម្រាកព្យាបាលនៅឥណ្ឌា ពេទ្យប្រាប់ថាសង្ឃឹមតែ ៥០ ភាគរយទេ

ក្រោយធូរស្រាលពីជំងឺច្រើនឆ្នាំ មកដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នេះ លោក យូ ឌីស្កូ បានធ្វើឱ្យមហាជន ក៏ដូចជាមិត្តអ្នកសិល្បៈបង្ហាញក្ដីបារម្ភអាណិតជាថ្មី បន្ទាប់ពីទទួលដំណឹងថាលោកបានធ្លាក់ខ្លួនឈឺធ្ងន់ ដែលបានបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌាជាបន្ទាន់។


នេះបើតាមរយៈការបង្ហោះសារលើហ្វេសប៊ុករបស់អ្នកនាង ទូច ស្រីល័ក្ខ ជូនដំណឹងពីស្ថានភាពធ្លាក់ខ្លួនឈឺរបស់លោក យូ ឌីស្កូ រៀបរាប់ថា ៖ «រូបឈឺឥឡូវនឹង ហាមនិយាយថាស្តាយពេលបាត់បង់ហើយថាម៉េចមិនប្រាប់ (គាត់ចង់រស់) អារម្មណ៍របស់ខ្ញុំ ក្តុកក្តួលណាស់មួយយប់គេងមិនលក់ដោយសារបានដឹងថាបង យូឌីស្កូ ត្រូវបញ្ជូលទៅប្រទេសឥណ្ឌាបន្ទាន់ ដោយសារជាតិពុលឡើងខ្លាំង កម្រិតធ្ងន់ សំឡេងបងបានប្រាប់ថា ល័ក្ខ អូនបងគ្មានអ្វីទៀតទេសល់តែ ៥០ ភាគរយនៃក្តីសង្ឃឹមនៅពេលនេះ។ ខ្ញុំមិនអាចឈរមើលបងដោយដង្ហើមហត់មួយនេះបានទេ ខ្ញុំនឹងលើកដៃសុំពីមិត្តភក្តិ និង រាប់អានខ្ញុំដូចគ្នាឱ្យជួយសង្រ្គោះបងម្នាក់តិចៗ នេះជាការដើររកជំនួយលើកទី ២ របស់ខ្ញុំសម្រាប់បងពេលវេលាលឿនពេកហើយកំពុងលាងឈាមប្រាក់មិនគ្រប់គ្រាន់ សំឡេងយំរបស់បងកំពុងដកក្នុងខួរក្បាលរបស់ខ្ញុំហើយពាក្យថាជួយបងផង អូនគាត់គ្មានឪពុកម្តាយទេកំព្រា»។


ពេលនេះដែរ ងាកមើលហ្វេសប៊ុករបស់លោក ស៊ុក សុភា វិញ ក៏បានបង្ហោះប្រាប់ពីស្ថានភាពរបស់លោក យូឌីស្កូ ក្រោយពីបានទាក់ទងសួរសុខទុក្ខលោក ដែលកំពុងព្យាបាលនៅប្រទេសឥណ្ឌា ដោយលោកបានឆ្លើយតបផ្ទាល់ថាមានក្ដីសង្ឃឹមតែ ៥០ ភាគរយប៉ុណ្ណោះ ដោយត្រូវការចំណាយពេលព្យាបាល និង ថវិកាច្រើន។ ក្នុងនោះដែរ លោក ស៊ុក សុភា ក៏បានប្រកាសសុំជំនួយពីបងប្អូនទាំងក្នុង និង ក្រៅប្រទេសដែលមានចិត្តអាណិតលោក យូឌីស្កូ អាចទាក់ទងជួយតាមរយៈលោកដែរ។

សារនោះ លោក ស៊ុក សុភា រៀបរាប់ថា ៖ «សង្ឃឹម 50%ៗ មានតែការអាណិតបង បង យូឌីស្កូ ជំងឺរើឡើងវិញទៀតហើយ ត្រូវគេងសម្រាកនៅប្រទេសឥណ្ឋាច្រើនថ្ងៃ ត្រូវចំណាយលុយច្រើនទៀត ហ៊ីបងអើយបង ប្អូនមិនមានអីជួយបងច្រើនទេ មានតែទឹកចិត្ត និង ប្រកាសរកជំនួយក្នុង និង ក្រៅប្រទេស ចំពោះបងប្អូនដែលមានចិត្តអាណិតបង តិចតួចអីបងប្អូនសុំជួយម្នាក់តិចមក ដើម្បីបន្តជីវិតទៅមុខទៀត បងប្អូនបើចង់ជួយអាចតាមរយៈខ្ញុំក៏បានដែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *