ទុក្ខជាន់លើទុក្ខ! ឪពុកនាយក្រិនទទួលមរណភាព ខណៈរូបលោកកំពុងសង្គ្រោះបន្ទាន់ដោយជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ

(ភ្នំពេញ)៖ មហាជន និងអ្នកគាំទ្រសម្តែងការសោកស្តាយជាខ្លាំង ចំពោះដំណឹងដ៏ក្រៀមក្រំដែលបានកើតឡើងលើគ្រួសារតារាកំប្លែង នាយ ក្រិន។ យោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព (Savin Philip) នៅព្រឹកថ្ងៃទី១៤ ខែមីនានេះ បានឱ្យដឹងថា ឪពុករបស់នាយក្រិនបានទទួលមរណភាពហើយ ខណៈដែលនាយក្រិនខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បើតាមប្រភពដដែលបានបញ្ជាក់ថា លោក ទេស ភឺន ដែលត្រូវជាឪពុកបង្កើតរបស់នាយក្រិន បានលាចាកលោកក្នុងជន្មាយុ ៨៥ឆ្នាំ នៅវេលាម៉ោង ១០:២០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នេះ ដោយសារជំងឺសួតរ៉ាំរ៉ៃដែលលោកបានតស៊ូព្យាបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គួរបញ្ជាក់ថា ម្តាយរបស់នាយក្រិនក៏បានចែកឋានទៅជាច្រើនឆ្នាំមកហើយដែរ។

ដំណឹងមរណភាពនេះបានកើតឡើងចំពេលដែល នាយ ក្រិន កំពុងមានជំងឺរលាកស្រោមខួរក្បាលកម្រិតធ្ងន់ ហើយកំពុងសម្រាកព្យាបាល និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងគ្រាដ៏លំបាកនេះ បើតាមការបញ្ជាក់ពីអ្នកនាង ប្រឹមប្រិយ ប្រាប់មកលោក សាវិន ហ្វីលីព បានឱ្យដឹងថា ក្រុមហ៊ុន Pocari Sweat នឹងចូលខ្លួនមកជួយរ៉ាប់រងលើរាល់ការចំណាយទាំងអស់ ទាំងការព្យាបាលរបស់នាយក្រិននៅមន្ទីរពេទ្យកាល់ម៉ែត និងការចំណាយលើពិធីបុណ្យសពសពឪពុករបស់លោកផងដែរ។

សពលោក ទេស ភឺន នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

មហាជនជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពលោកតាបានទៅកាន់សុគតិភព ក៏ដូចជាជូនពរឱ្យនាយក្រិនឆាប់រងចាំពីជំងឺ ដើម្បីអាចមកបន្តអាជីព និងរ៉ាប់រងគ្រួសារបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *