(ភ្នំពេញ)៖ ស្របពេលដែលបណ្ដាញសង្គមហាក់កំពុងតែមានការជជែកវែកញែកយ៉ាងក្ដៅគគុកជុំវិញរឿងរ៉ាវ «ពងទាបែក» លោកឧកញ៉ា នឹម វណ្ណៈ បានចេញមុខធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមធ្វើការផ្អាកការចាប់អារម្មណ៍លើប្រធានបទនេះសិន ហើយងាកមកយកចិត្តទុកដាក់លើកិច្ចការអាទិភាពជាតិវិញ។
តាមរយៈសារអំពាវនាវ លោកឧកញ៉ា នឹម វណ្ណៈ បានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្វីដែលសំខាន់បំផុតនោះគឺ ការបង្វែរចំណាប់អារម្មណ៍ និងការចូលរួមតាមលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងការគាំទ្រដល់កងទ័ពជួរមុខ ក៏ដូចជាជនភៀសសឹកដែលកំពុងរងផលប៉ះពាល់។
លោកឧកញ៉ា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ទាន់មានឱកាស និងស្ថានភាពនៅអាចគ្រប់គ្រងបាន សូមកុំភ្លេចចូលរួមជួយគាំទ្រពេទ្យទាហាន និងក្រុមការងារពាក់ព័ន្ធ ឲ្យអស់ពីលទ្ធភាព»។
សារអំពាវនាវនេះ ត្រូវបានមើលឃើញថាជាការដាស់តឿនស្មារតីដល់មហាជនទូទៅ ឱ្យចេះថ្លឹងថ្លែងពីអាទិភាពនៃបញ្ហា ដោយកាត់បន្ថយការជជែកវែកញែកលើរឿងរ៉ាវដែលមិនសូវមានប្រយោជន៍ ហើយរួមដៃគ្នាបង្ហាញពីសាមគ្គីភាពជាតិ ឈរនៅក្បែរវីរកងទ័ព ក្រុមគ្រូពេទ្យទាហាន និងប្រជាពលរដ្ឋរងគ្រោះ ក្នុងកាលៈទេសៈដែលកងកម្លាំង និងក្រុមការងារពាក់ព័ន្ធទាំងអស់កំពុងបំពេញបេសកកម្មយ៉ាងសកម្ម៕