ក្រោយភរិយាទទួលបានសេរីភាព លោក ហេង គឹមហៀង ធ្វើដំណើរទៅលាបំណន់នៅទីសក្ការៈលោកតាដំបងក្រញូង និងបួងសួងសុំសេចក្តីសុខដល់កូនភ្លោះដែលរៀបនឹងប្រសូត

បាត់ដំបង៖ បន្ទាប់ពីភរិយាជាទីស្រឡាញ់ទទួលបានសេរីភាពឡើងវិញ លោក ហេង គឹមហៀង បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីរៀបចំពិធីលាបំណន់ និងបួងសួងសុំសេចក្តីសុខសុវត្ថិភាពជូនដល់ក្រុមគ្រួសារ ជាពិសេសភរិយា និងកូនៗ នៅឯទីសក្ការៈបូជាលោកតាដំបងក្រញូង ដែលជាទីតាំងដ៏ស័ក្តិសិទ្ធិប្រចាំខេត្ត។

យោងតាមប្រភពព័ត៌មាន និងរូបភាពដែលបានចែករំលែក នៅក្នុងឱកាសនៃការធ្វើដំណើរទៅលាបំណន់នេះ លោក ហេង គឹមហៀង ក្នុងនាមជាឪពុក បានធ្វើបុណ្យដោយការដោះលែងសត្វចាបចំនួន ៤ក្បាល ដែលតំណាងឱ្យកូនៗទាំង ៤នាក់របស់លោក។ តាមរយៈការព្រលែងសត្វចាបនេះ លោកបានតាំងចិត្តប៉ងប្រាថ្នា និងបួងសួងសុំឱ្យជីវិតកូនៗទាំង ៤ បានជួបប្រទះតែរឿងរ៉ាវល្អៗ មានសេចក្ដីសុខ សំណាងល្អ ព្រមទាំងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងខ្ពង់ខ្ពស់។

អ្វីដែលកាន់តែពិសេសនោះ លោកក៏បានឧទ្ទិសបួងសួងយ៉ាងទទូចសុំពរជ័យដល់ទារកភ្លោះដែលត្រៀមនឹងប្រសូតនាពេលខាងមុខនេះ សូមឱ្យមានសុខភាពល្អ និងទទួលបានសុវត្ថិភាពខ្ពស់ទាំងម្ដាយ និងទារក ក្នុងកំឡុងពេលសម្រាល។

សកម្មភាពនៃការលាបំណន់ និងការបួងសួងនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំទឹកចិត្តស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់លោក ហេង គឹមហៀង ក្នុងនាមជាមេគ្រួសារ ដែលតែងតែប្រាថ្នាចង់ឱ្យគ្រួសារទាំងមូលជួបតែសេចក្តីសុខ សុវត្ថិភាព និងពោរពេញទៅដោយសុភមង្គលជានិច្ចនិរន្តរ៍៕

Leave a Reply

Your email address will not be published. Required fields are marked *