(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន ដែលមនុស្សភាគច្រើនតែងតែប្រកួតប្រជែងគ្នាសន្សំទ្រព្យសម្បត្តិ និងសម្ភារៈនិយមនៅខាងក្រៅ មានទស្សនៈមួយបានក្រើនរំលឹកយ៉ាងដិតដល់ថា តម្លៃពិតនៃមនុស្សជាតិ មិនមែនវាស់វែងដោយទំហំទឹកប្រាក់ឡើយ តែវាស់ដោយ «គុណធម៌ និងការប្រព្រឹត្តល្អចំពោះអ្នកដទៃ»។
ជុំវិញអត្ថន័យនៃជីវិតនេះ លោកបណ្ឌិត ពេជ្រ ស្រស់ បានលើកឡើងនូវសារក្រើនរំលឹកមួយឃ្លាយ៉ាងមានអត្ថន័យជ្រាលជ្រៅថា៖ «បើបាត់បង់គុណធម៌ ជីវិតក៏បាត់បង់តម្លៃដែរ!»។ ឃ្លានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ភាពហ៊ឺហានៅសំបកក្រៅ មិនអាចបិទបាំងភាពក្រីក្រនៅក្នុងចិត្តបានឡើយ ប្រសិនបើបុគ្គលនោះខ្វះការយោគយល់ និងសេចក្តីសន្តោសប្រណីដល់មជ្ឈដ្ឋានជុំវិញខ្លួន។
តើការធ្វើអំពើល្អ ធ្វើឱ្យយើងខាតបង់ដែរឬទេ?
ចម្លើយគឺ «ទេ!»។ តាមការពិតទៅ ការធ្វើអំពើល្អមិនដែលធ្វើឱ្យនរណាម្នាក់ខាតបង់នោះទេ។ ផ្ទុយទៅវិញ វាជាមេដែកឆក់យកនូវ «តម្លៃ និងការគោរព» ពីមនុស្សជុំវិញខ្លួន និងសង្គមជាតិ ដែលលុយរាប់លានក៏មិនអាចទិញបាន។ អ្នកមានទ្រព្យស្តុកស្តម្ភ មានលុយហូរហៀរ តែបើប្រាសចាកមេត្តាធម៌ នោះរមែងរស់នៅកណ្តាលភាពឯកោ និងការនិន្ទា។ ការគោរពដែលចេញពីចិត្តពិតប្រាកដ មិនអាចទិញដូរបានដោយអំណាចទឹកប្រាក់ឡើយ។
ផ្ទុយទៅវិញ បុគ្គលទោះមានជីវភាពសាមញ្ញ ឬមានទ្រព្យតិចតួចក្តី ឱ្យតែមានចិត្តសប្បុរស សុចរិត និងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ នោះទើបជា «សេដ្ឋីគុណធម៌» ដែលសង្គមត្រូវការ និងផ្តល់ការស្ងើចសរសើរពិតប្រាកដ។ ទ្រព្យសម្បត្តិអាចរលាយបាត់បង់ទៅវិញត្រឹមមួយប៉ប្រិចភ្នែក តែ «អំពើល្អ និងគុណធម៌» នឹងដក់ជាប់ក្នុងបេះដូងអ្នកដទៃជារៀងរហូត។
ចូរចាប់ផ្តើមសាងតម្លៃជីវិតរបស់អ្នកនៅថ្ងៃនេះ តាមរយៈការចែករំលែកក្តីមេត្តា និងការធ្វើទង្វើល្អទៅកាន់អ្នកដទៃ ព្រោះគុណធម៌ គឺជាគ្រឿងអលង្ការដ៏មានតម្លៃបំផុត ដែលធ្វើឱ្យមនុស្សមានសេចក្តីថ្លៃថ្នូរពិតប្រាកដ!
(អត្ថបទដោយ៖ ផ្នែកអប់រំ និងសង្គម)