ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតាផុន ណាក់ផានិច (Nattaphon Nakpanich) បញ្ជាក់កាលពីល្ងាចថ្ងៃទី ២៣ ខែ កុម្ភៈនេះថា ក្រសួងការពារជាតិថៃបានស្នើឱ្យដកកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនថៃ-កម្ពុជាចេញពីតំបន់បន្តិចម្តងៗ លោកស្នើបែបនេះទៅកាន់ក្រុមប្រឹក្សាការពារជាតិថៃ ដោយលោកហេតុផលថាដើម្បីកាត់បន្ថយការចំណាយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះបានមានប្រសាសន៍ទៀតថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្តោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលកងទ័ពថៃដណ្តើមបានក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែធ្នូ។
លោកបានទទួលស្គាល់ថា ការរក្សាកងទ័ពតាមបណ្តោយព្រំដែនដែលមានប្រវែង ៧៩៨ គីឡូម៉ែត្រគ្រប់ពេលវេលាគឺមិនអាចទៅរួចទេ ហើយចំណាយច្រើន ដោយលោកបានស្នើឱ្យដកកងទ័ពបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិដើម្បីកាត់បន្ថយចំណាយ៕


