(ខេត្តកំពង់ចាម)៖ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជីវករ និងអ្នកភូមិនៅម្ដុំផ្សារស្គន់ បន្ទាប់ពីមានករណីឃាតកម្ម និងអត្តឃាតមួយបានកើតឡើង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក Sorn Sopheak បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះផ្ដើមចេញពី «ភ្លើងប្រចណ្ឌ»។ បុរសជាខ្មាន់កាំភ្លើងបានសម្រេចចិត្តប្រើប្រាស់អាវុធបាញ់ស្រោចទៅលើអតីតភរិយារបស់ខ្លួន បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយភ្លាមៗនោះ គាត់ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់ជីវិតតែម្ដង។
តាមសេចក្តីរាយការណ៍បន្ថែមបានឱ្យដឹងថា អតីតប្តីប្រពន្ធទាំងពីររូបនេះ បានសម្រេចចិត្តលែងលះគ្នាដាច់ស្រេចអស់រយៈពេលជិត ១ខែមកហើយ ប៉ុន្តែទំនងជាខាងបុរសនៅតែមានចិត្តប្រចណ្ឌ ទើបឈានដល់ការដោះស្រាយតាមផ្លូវងងឹតបែបនេះ។
សាកសពត្រូវបានគេឃើញដេកស្លាប់ក្បែរគ្នា បង្កឱ្យមានការតក់ស្លុតជាខ្លាំងដល់មហាជនដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ មុននឹងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីនេះបានក្លាយជាមេរៀនដ៏ជូរចត់មួយទៀត ដែលបង្ហាញពីផលវិបាកនៃបញ្ហាគ្រួសារ និងការប្រើប្រាស់ហិង្សាដើម្បីដោះស្រាយបញ្ហា ដែលនាំមកនូវការបាត់បង់ជីវិតទាំងសងខាងក្នុងសោកនាដកម្មដ៏ខ្លោចផ្សាបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ




