ស្នងការនគរបាលរាជធានីភ្នំពេញ មានចំណាត់ការលើស្រ្តីគ្រូទាយ «ម៉ែរក្សា» ក្រោយនិយាយតាមបណ្តាញសង្គមប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ និងចង់បង្ហាញថាមានលុយចង់ចាប់នរណាក៏បាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្រ្តីគ្រូទាយ «ម៉ែរក្សា» បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយគាត់បាននិយាយតាមបណ្តាញសង្គម ដោយសំដៅថា គាត់មានលុយ គាត់មានខ្សែនគរបាល គាត់អាចឲ្យនគរបាលទៅចាប់នរណាក៏បាន ដែលមានជម្លោះជាមួយគាត់។

សម្រាប់ចូលទៅបំភ្លឺលើកទី២នេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ចំពោះស្រ្តីម្នាក់នេះ ក្រោយអប់រំម្តងរួចមកហើយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ស្រ្តីរូបនេះនៅតាមបណ្តាញ TikTok បានព្រមានអ្នកដែលរិះគាត់ដោយប្រើពាក្យសម្តីចង់សំដៅលើអំណាចទឹកលុយដែលអាចសូកនគរបាល ដើម្បីឲ្យនគរបាលទៅចាប់នរណាក៏បាន បើសិនគាត់ចង់ឲ្យចាប់ (ធ្វើស៊ី)។

មជ្ឈដ្ឋានមួយចំនួនយល់ឃើញថា នេះជាការមើលងាយចំពោះកិត្តិយសនគរបាលជាតិ និងវាបង្ហាញថាសង្គមមួយគ្មានច្បាប់ទម្លាប់ ពោលបើមានលុយឈ្នះ។ ចំណាត់ការចំពោះការនិយាយរបស់គាត់ ក៏ដើម្បីបង្ហាញពីការគោរពច្បាប់ និងភាពស្មើគ្នានៅចំពោះមុខច្បាប់ពីសំណាក់ពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ «ម៉ែរក្សា» ធ្លាប់បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យបញ្ឈប់ឡាយរឿងប្តី២នាក់ នៅតាមបណ្តាញសង្គម​ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ ដល់ស្រ្តីខ្មែរ៕

Leave a Reply

Your email address will not be published. Required fields are marked *