ផ្ទុះការវែកញែករវាងលោក ផែង វណ្ណៈ និងលោក សយ សុភាព ជុំវិញការស្នើឱ្យដកតំណែងលោក ស៊ីវ សុជាតិ ក្រោយកូនប្រុសបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស

(ភ្នំពេញ)៖ កំពុងក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គម ក្រោយពីមានមតិផ្ទុយគ្នារវាងបុគ្គលិកលក្ខណៈលេចធ្លោពីររូប គឺលោក ផែង វណ្ណៈ និងលោក សយ សុភាព ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយកូនប្រុសរបស់លោក ស៊ីវ សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមានមនុស្សស្លាប់។

ការវែកញែកនេះបានកើតឡើង បន្ទាប់ពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបង្ហោះសារស្នើសុំយ៉ាងម៉ឺងម៉ាត់ទៅកាន់ក្រសួងមហាផ្ទៃ ឱ្យមានការចាត់វិធានការលើឪពុករបស់ជនបង្ក។ លោក សយ សុភាព បានសរសេរថា៖ «ខ្ញុំស្នើសុំឱ្យក្រសួងមហាផ្ទៃ ដកតួនាទីឳពុកជនល្មើសផងដែរ មុនបន្តដំណើរក្តីតាមផ្លូវតុលាការ»។ ការលើកឡើងនេះ ហាក់ចង់បង្ហាញពីការទទួលខុសត្រូវក្នុងនាមជាមន្ត្រីជាន់ខ្ពស់ និងជាអាណាព្យាបាល។

ភ្លាមៗនោះ លោក ផែង វណ្ណៈ ក៏បានចេញមកប្រតិកម្មតបវិញ ដោយចាត់ទុកថាការស្នើសុំឱ្យដកតំណែងឪពុក ព្រោះតែកំហុសរបស់កូន គឺជាទង្វើដែល «លើសកម្រិត»។ លោក ផែង វណ្ណៈ បានសរសេរក្នុងន័យការពារគោលការណ៍ច្បាប់បុគ្គលថា៖ «លើសហើយពួកម៉ាក កូនមកទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ឪពុកម្ដាយមិនពាក់ព័ន្ធទេ កុំពង្រីកបញ្ហា»។ លោកបានសង្កត់ធ្ងន់ថា ក្នុងន័យច្បាប់ អ្នកណាធ្វើអ្នកនោះជាអ្នកទទួលខុសត្រូវ ហើយមិនគួរយកកំហុសកូនទៅដាក់បន្ទុកលើអាជីពការងាររបស់ឪពុកម្ដាយនោះទេ។

សូមរំលឹកផងដែរថា ករណីនេះបានកើតឡើងបន្ទាប់ពីកូនប្រុសរបស់លោក ស៊ីវ សុជាតិ បានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នកបាត់បង់ជីវិត ដែលបច្ចុប្បន្នជនបង្កកំពុងស្ថិតក្នុងចំណាត់ការតាមនីតិវិធីច្បាប់។

មតិសាធារណជនក៏បានបែងចែកជាពីរជុំវិញរឿងនេះ ដោយខ្លះយល់ស្របជាមួយលោក សយ សុភាព ថាឪពុកដែលជាមន្ត្រីច្បាប់គួរមានការទទួលខុសត្រូវខាងសីលធម៌ និងរដ្ឋបាល ខណៈខ្លះទៀតគាំទ្រលោក ផែង វណ្ណៈ ថាច្បាប់ត្រូវផ្ដន្ទាទោសតែលើអ្នកប្រព្រឹត្តផ្ទាល់តែប៉ុណ្ណោះ។ គិតមកទល់ពេលនេះ មិនទាន់មានប្រតិកម្មផ្លូវការណាមួយពីក្រសួងមហាផ្ទៃ ឬពីលោក ស៊ីវ សុជាតិ ជុំវិញការលើកឡើងរបស់លោក សយ សុភាព នៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *