តុលាការសម្រេចឃុំខ្លួនស្ត្រីដែលត្រូវបានអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈកូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសអំពីចំណាត់ការលើករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ ដែលពាក់ព័ន្ធនឹងកូនប្រុសអភិបាលស្រុកកងមាស។

បើតាមអ្នកនាំពាក្យ, នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ តំណាងអយ្យការបានទទួលចាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ជូនមកពីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយពីបានពិនិត្យលើរបាយ ការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោក ពិនិត្យកាំមេរ៉ាសុវត្ថិភាព និងចម្លើយរបស់សាក្សីឃើញថា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២០៖២៤នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវ បេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រវាងរថយន្ត មួយគ្រឿងម៉ាក DONG FENG FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយឈ្មោះ សុខ ច័ន្ទបូណ៌មី ហៅ យាន ភេទស្រី កើតថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៣ និងអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៧ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១៤-៤៦០៤ បើកបរដោយឈ្មោះ ថា ឧត្តម ភេទប្រុស អាយុ១១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកម៉ូតូជាប់ ខាងមុខក្រោមរថយន្តអូសទៅមុខប្រវែង ៧៨ម៉ែត្រ ទើបរថយន្តឈប់។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ផ្អែកលើលទ្ធផល ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃការស៊ើបអង្កេតឃើញថា ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន គឺជាអ្នកបើកបររថយន្តដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិនមែនជាអ្នកបើកបររថយន្តទេ។ ហេតុដូច្នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ (ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ) តាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស តំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាព តាមដីកាសម្រេចលេខ ១៤៩៤ អ.យ.គ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦៕

Leave a Reply

Your email address will not be published. Required fields are marked *