ម្ដាយជនបុកគេស្លាប់៦នាក់ បានជួបចរចារសំណងព្យសនកម្មជាមួយគ្រួសារសព ក្រោយនាំកូនទៅសារភាពទោសនៅស្នងការ

ម្ដាយរបស់ជនបង្ក ស៊ីវ ជ័យសិដ្ឋ ដែលបើកបររថយន្តប្រណីតបុកមនុស្សស្លាប់៦នាក់ បានជួបជាមួយគ្រួសាររងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅលើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកោះកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីចរចារសំណងព្យសនកម្ម។ នេះបើតាមលោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីក្រុមគ្រួសារជនរងគ្រោះ។

មេធាវីការពារក្តីដោយឥតគិតថ្លៃ លឹម ច័ន្ទលីដា សរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី១ ខែមេសា ដូច្នេះ៖« អមកូនក្តីគ្រួសារជនរងគ្រោះ មកចរចារសំណងព្យសនកម្មតាម ការស្នេីសុំរបស់ម្តាយជនបង្ក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។»។

គួរកត់សម្គាល់ថា ជំនួបរវាងម្ដាយជនបង្ក និងក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាណោចអាធ័មនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារជនបង្ក បាននាំខ្លួនកូនប្រុសឈ្មោះ ស៊ីវ ជ័យសិដ្ឋ ទៅសារភាពទោសនៅស្នងការដ្ឋានខេត្តបាត់ដំបង។

គួរឱ្យដឹងថា មេធាវី លឹម ចន្ទលីដា នៅរសៀលថ្ងៃទី៣១ ខែមីនា ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោក អង្គ វង្សវឌ្ឍានា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី ចាត់បញ្ជូនឱ្យធ្វើជាមេធាវីការពារក្តីដោយឥតគិតថ្លៃជូនដល់ក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *