បាត់មុខយូរ ពេលនេះទទួលដំណឹង លោក ម៉េង ប៊ុនឡូ មានជំងឺគួរឱ្យបារម្ភម្យ៉ាង ត្រូវវះកាត់ជាបន្ទាន់

បើរំឭកកាលពីអំឡុងឆ្នាំ ២០០០ អ្នកនិយមតាមដានចម្រៀងកាយវិការច្បាស់ជាបានស្គាល់ហើយនូវភាពល្បីល្បាញរបស់ផលិតកម្មស SSB ដែលសម្បូរទៅដោយតារាចម្រៀងប្រុសស្រីល្បីៗជាច្រើន។ ក្នុងនោះក៏មានលោក ម៉េង ប៊ុនឡូ មួយរូបដែរ។

បើនិយាយពីតារាចម្រៀង ម៉េង ប៊ុនឡូ ត្រូវបានមហាជនទទួលស្គាល់ពីសមត្ថភាពសិល្បៈរបស់លោកយ៉ាងខ្លាំង មិនថាតែផ្នែកចម្រៀង និង សម្តែងនោះទេ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ម៉េង ប៊ុនឡូ ក៏ពុំសូវជាបង្ហាញវត្តមានញឹកញាប់ក្នុងកម្មវិធីសិល្បៈនោះដែរ។

ជាការពិត បើទោះជាលោក ម៉េង ប៊ុនឡូ បានរយាលលើវិថីសិល្បៈក្នុងនាមជាតារាចម្រៀង និង ជាតារាសម្តែងក៏ពិតមែន ប៉ុន្តែលោក ម៉េង ប៊ុនឡូ ក៏មិនចាកឆ្ងាយទៅណាដែរ ដោយ លោក ម៉េង ប៊ុនឡូ នៅបន្តទេពកោសល្យក្នុងវិស័យតន្ត្រី ដោយលោកមានស្ទីឌីយោមានឈ្មោះថា «Meng Bunlo Studio»។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ មហាជនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញលោក សាវិន ហ្វីលីព បានបង្ហោះដំណឹងប្រាប់ពីសុខទុក្ខរបស់លោក ម៉េង ប៊ុនឡូ ដែលកំពុងតែមានជំងឺម្យ៉ាង ត្រូវធ្វើការវះកាត់បន្ទាន់។

ដំណឹងពីលោក ម៉េង ប៊ុនឡូ ត្រូវបានលោក សាវិន ហ្វីលីព បង្ហោះរៀបរាប់ថា៖ «តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យចំថ្ងៃតែមួយជាមួយខ្ញុំតែម្ដង។ គាត់ទ្បើងកម្ដៅរហូតដល់ ៤០ អង្សា បណ្ដាលពីជំងឺបែកសរសៃជើងខាងឆ្វេង (សរសៃវែនរត់ទៅបេះដូង) និង រលាកបំពង់កធ្ងន់ធ្ងរ។ លោកលាក់ទុកជំងឺបែកសរសៃជើងខាងឆ្វេងនេះយូរមកហើយ ដោយសារគ្មានលុយធ្វើការវះកាត់ព្យាបាល (ប្រហែល ៣ ពាន់) ប៉ុណ្ណោះ»។

លោក សាវិន ហ្វីលីព បន្តថា៖ «វេជ្ជបណ្ឌិតធ្លាប់ព្រមានគាត់ថា បើគាត់មិនព្រមធ្វើការព្យាបាលសរសៃជើងឆ្វេងនេះឱ្យទាន់ពេលទេ លោកអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ។ ម៉េង ប៊ុនទ្បូ ធ្លាប់ជាតារាឯកប្រុសល្បីលំដាប់ប្រទេសតាមរយៈរឿង «ចៅពស់កេងកង» របស់ឯកឧត្តម ហ្វៃ សំអាង ប៉ុន្តែខ្សែជីវិតបច្ចុប្បន្នរបស់គាត់កម្សត់ណាស់ ត្រូវមកដេកពេទ្យម្នាក់ឯងគ្មានអ្នកកំដរទេ។

ចំណែកជីវភាពរបស់គាត់ពេលនេះ មិនប្រសើរទាល់តែសោះ ប៉ុន្តែតារាប្រុសញញឹមស្រស់ម្នាក់នេះ មិនដែលត្អូញត្អែរម្ដងណាទេ និង ព្យាយាមលាក់បាំងស្ថានភាពជីវិតក្រោយបាត់មុខឈឹងពីសិល្បៈរហូតមកដល់ថ្ងៃនេះ គាត់ស្លូតណាស់។ សូមបងប្អូនជួយគាត់ផង! សែនអាណិត»។

គួររំឭកថា លោក ម៉េង ប៉ុនឡូ គឺជាតារាចម្រៀង និង សម្តែងរៀមច្បងមួយរូបមានភាពល្បីល្បាញកាលពីប្រមាណជា ២០ ឆ្នាំមុន។ ក្នុងនោះ ក្រៅពីបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្ម SSB លោក ម៉េង ប៊ុនឡូ បានសម្ដែងនៅក្នុងខ្សែភាពយន្ដខ្មែរល្បីៗជាច្រើនដូចជារឿង «ចៅពស់កេងកង» រឿង «មន្តមាយា» រឿង «ផ្ការាំទឹករាំ» និង មានរឿងភាគជាច្រើនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *