(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញមុខបដិសេធ និងបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សរងរបួសនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយសង្កត់ធ្ងន់ថា ជនត្រូវចោទឈ្មោះ សុខ ច័ន្ទបូណ៍មី មិនត្រូវបានដោះលែងឱ្យនៅក្រៅឃុំដូចការលេចឮនោះទេ។
យោងតាមសេចក្តីថ្លែងការណ៍លេខ ១៨២ សបព/២៦ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ និងសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ ស្ថាប័នតុលាការបានបំភ្លឺនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់៖ ក្រោយកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណុចសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលបណ្តាលឱ្យអ្នកដទៃរងរបួស សមត្ថកិច្ច និងតុលាការបានចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានភ្លាមៗ ដោយគ្មានការលើកលែង។
២. បន្តឃុំខ្លួនជនត្រូវចោទ៖ ជនត្រូវចោទឈ្មោះ សុខ ច័ន្ទបូណ៍មី ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសតាមច្បាប់។ អ្នកនាំពាក្យសាលាដំបូងបានបញ្ជាក់ថា រហូតមកទល់ពេលនេះ គ្មានការសម្រេចឱ្យជនត្រូវចោទរូបនេះបាននៅក្រៅឃុំឡើយ។
៣. ការឆ្លើយតបនឹងមតិសាធារណៈ៖ ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានពិតជូនសាធារណជន ចៀសវាងការភាន់ច្រឡំ ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចធ្វើឱ្យប៉ះពាល់ដល់ចំណាត់ការច្បាប់ និងជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌។
សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ខ្លួននឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពបំផុតសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ខណៈដែលតុលាការកំពុងបន្តនីតិវិធីស៊ើបសួរយ៉ាងយកចិត្តទុកដាក់បំផុត៕




