បោះឆ្នោតរួច កងទ័ពថៃជាន់មី.នផ្ទុះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពលបាលឯក៣នាក់រងរ.បួស ក្នុងនោះម្នាក់ដាច់កជើង

យោងតាមការប្រកាសជាផ្លូវការរបស់កងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ បានឱ្យដឹងថា នៅរសៀលថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានហេតុការណ៍ផ្ទុះគ្រាប់មីនមួយបានកើតឡើងនៅតាមបណ្តោយព្រំដែន បណ្តាលឱ្យកងកម្លាំងទាហានថៃចំនួន ៣នាក់ រងរបួស។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤:២០នាទីរសៀល ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកាន់តារ៉ាឡាក់ (Kantharalak) ខេត្តស៊ីសាកេត ប្រទេសថៃ ដែលជាតំបន់មានព្រំប្រទល់ជាប់នឹងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។
តាមប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមទាហានរងគ្រោះកំពុងស្ថិតក្នុងបេសកកម្មចុះល្បាត និងត្រួតពិនិត្យស្ថានការណ៍សន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដូចសព្វមួយដង ប៉ុន្តែជាអកុសលបានជាន់ត្រូវគ្រាប់មីន (មិនទាន់បញ្ជាក់ប្រភេទ) បង្កឱ្យមានការផ្ទុះឡើងតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាលជាបន្ទាន់។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីកម្រិតនៃរបួសរបស់ទាហានទាំងនោះ មិនទាន់ត្រូវបានបញ្ជាក់បន្ថែមនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *