កូន៥នាក់ចិញ្ចឹមឪពុកមួយមិនរស់ ក៏បែកគំនិតដឹកឪពុកវ័យ៩០ឆ្នាំ ទុកចោលក្នុងចេតិយ រួចថតប្រាប់បងប្អូនថា….(មានវីដេអូ)

កូន៥នាក់ចិញ្ចឹមឪពុកមួយមិនរស់ ក៏បែកគំនិតដឹកឪពុកវ័យ៩០ឆ្នាំ ទុកចោលក្នុងចេតិយ រួចថតប្រាប់បងប្អូនថា អ្នកណាទំនេរជួយយកគាត់ទៅផ្ទះផង។ លោកតាអាយុ៩០ឆ្នាំម្នាក់ ត្រូវបានកូនស្រីបង្កើតដឹកតាមម៉ូតូកង់បី យកទៅទុកចោលនៅក្នុងចេតិយមួយកន្លែងក្នុងវត្ត អង្គតាមិញ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចចេតិយមួយកន្លែងក្នុងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកតាដែលត្រូវកូនស្រីបង្កើតដឹកយកទៅទុកចោលក្នុងចេតិយនោះមានឈ្មោះ ខៀវ ម៉ារឿន មានកូនប្រុសស្រីចំនួន៥នាក់ សព្វថ្ងៃលោកតារស់នៅជាមួយកូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីណេត អាយុ៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមស្ត្រីឈ្មោះ ខៀវ សាវី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវជាកូនទី២របស់លោកតា ឱ្យដឹងថានៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ប្អូនស្រីទី៣ឈ្មោះ ខៀវ ស៊ីណេត បានដឹកឪពុកតាមម៉ូតូកង់បីទៅទម្លាក់ចោលនៅក្នុងចេតិយ ដាក់ធាតុរបស់ម្ដាយបង្កើតនៅក្នុងវត្ត អង្គតាមិញ រួចហើយបានថតរូបឪពុកផ្ញើតាមឆាតហ្វេសប៊ុកទៅឱ្យបង ប្អូនប្រុសស្រីចំនួន៤នាក់មើល រួចប្រាប់ថារូបគេ បានដឹកឪពុកយកទៅទម្លាក់ចោលក្នុងចេតិយរបស់ម្ដាយ។ បើបង ប្អូនណាទំនេរចាំជួយ យកគាត់ទៅផ្ទះផង។

ស្ត្រីរូបនោះបានឱ្យដឹងថា រហូតដល់ម៉ោងកើតហេតុខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ និងអាជ្ញាធរ និងសមត្ថកិច្ច ខណៈនោះគាត់ក៏បានទៅដល់ដែរ ហើយពុំឃើញមានកូនប្រុសចំនួន៤នាក់ទៀតមកដល់ កន្លែងកើតហេតុនោះទេ។ ហើយរូបគាត់រ៉ាយរ៉ាប់ថា ឪពុករបស់គាត់សព្វថ្ងៃរស់នៅជាមួយប្អូនស្រីបង្កើតទី៣ ឈ្មោះ ខៀវ ស៊ីណេត នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ គាត់បាននិយាយថា សព្វថ្ងៃប្ដីរបស់គាត់កំពុង ឈឺជំងឺមហារីកនៅផ្ទះ អញ្ចឹងហើយរូបគាត់មិនអាច យកឪពុកម្នាក់ទៀតទៅចិញ្ចឹមនៅផ្ទះរបស់គាត់នោះទេ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រហូតដល់ម៉ោង១១យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីណេត បានយកម៉ូតូកង់បី ដឹកឪពុកយកទៅផ្ទះវិញហើយ។

Leave a Reply

Your email address will not be published. Required fields are marked *