ថៃដែលជាប្រទេសមួយត្រូវបានជនជាតិបរទេសរំពឹងទុកថាជាឋានសួគ៌នៃការកម្សាន្តសប្បាយ និងមានសុវត្ថិភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែធាតុពិតសារព័ត៌មានធំៗរបស់អន្តរជាតិបានទម្លាយថា ភាពខ្មៅងងឹតនៃក្រុមសង្គមងងឹងបងធំនៅក្នុងប្រទេសថៃគឺពិតជាគួរឱ្យខ្លាចនិងរអាបំផុតទៅវិញទេ។
ជាក់ស្ដែងករណីឃាតកម្មយ៉ាងព្រៃផ្សៃ និងការឆបោកធ្វើទារុណកម្មយ៉ាងឃោឃៅបានកើតឡើងចំពោះជនជាតិកូរ៉េមានច្រើនករណីមកហើយ ហើយភាគច្រើនបំផុតគឺស្ថិតនៅលើទឹកដីនៃខេត្ត ឈុនប៊ុរី រៈយ៉ង និងបាត់តាយ៉ា ដែលជាប្លុកសំបូរអ្នកទេសចរណ៍កូរ៉េច្រើនជាងគេ។
ករណីដែលបានកើតឡើងនេះត្រូវបានគេមើលឃើញថា ហាក់បីដូចជាថៃ បិទភ្នែកម្ខាងបើកភ្នែកម្ខាង និង បើកដៃឱ្យម៉ាហ្វៀបរទេសធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានចេញផ្សាយវាយប្រហារមកលើកម្ពុជាលើករណីនិស្សិតម្នាក់បានស្លាប់ កាលពីអំឡុងខែសីហា ប៉ុន្តែថៃកើតមានករណីទាំងឃាតកម្ម ទាំងឆបោកឆ្លងដែន ទាំងលាងលុយកខ្វក់ ចុះហេតុអ្វីថៃព្យាយាមលុបបំបាត់និងបំបិទរឿងអាម៉ាស់អស់ទាំងនេះនិងមិនចង់ទទួលស្គាល់ការពិតទៅវិញ?
បើតាមការស្រាវជ្រាវពីការចេញផ្សាយលើបណ្ដាសារព័ត៌មានបរទេស និងសារព័ត៌មានថៃកន្លងបានបង្ហាញថា ករណីឃាតកម្មលើជនជាតិកូរ៉េធ្វើឡើងនៅក្នុងប្រទេសថៃ មានទាំងសម្លាប់បំបែកសាកសពកាត់ជាកំណាត់ៗញាត់ចូលទៅក្នុងធុងទឹកខ្មៅហើយយកទៅបោះទម្លាក់ចោលក្នុងអាស្ដុកទឹក ហើយខ្លះទៀតសម្លាប់បំបែកសាកសពហាន់ជាចំណិតៗខ្ចប់ដាក់ថង់ខ្មៅរួចយកទៅបោះចោលនៅព្រៃស្ងាត់ និងការធ្វើទារុណកម្មបង្ខំឱ្យជនជាតិកូរ៉េបោកប្រាក់គ្រួសារសាច់ញាតិជំរិតទារប្រាក់រាប់លានជាដើម។
ហេតុការណ៍ទាំងអស់នោះសុទ្ធតែបានកើតឡើងនៅក្នុងប្រទេសថៃទាំងអស់ ដែលវាបានបង្ហាញថា ប្រទេសថៃ ដូចជាបើកដៃឱ្យក្រុមសង្គមខ្មៅងងឹតធ្វើទង្វើឧក្រិដ្ឋកម្មនៅក្នុងប្រទេសខ្លួន ខណៈកន្លងមកថ្មីៗនេះដែរ ក្រុមនយោបាយថៃក៏ធ្លាប់លើកអំណះអំណាងពីបញ្ហានេះនៅក្នុងសម័យប្រជុំសភាដេញដោលពីគោលនយោបាយរបស់រដ្ឋាភិបាលលោក អនុទិន ផងដែរ។ រាល់សកម្មភាពទាំងអស់ដែលកើតឡើងនៅក្នុងប្រទេសថៃ បានបញ្ជាក់ពីការចងជាប្រព័ន្ធរវាងក្រុមឧក្រិដ្ឋកម្ម និងក្រុមអ្នកនយោបាយថៃ ឬអ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាលជាខ្នងបង្អែក។
ក្រៅពីប្រព្រឹត្តិ ឧក្រិដ្ឋកម្ម ឆបោកឆ្លងដែន លាងលុយកខ្វក់ហើយនោះ ថៃក៏ជាទីតាំងដ៏ពេញនិយមមួយដែល ក្រុមសង្គមងងឹត ឬពួកម៉ាហ្វៀកូរ៉េខាងត្បូង ប្រើដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ មានការធ្វើឃាតជាដើម។ ងាកមករំលឹករឿងក្ដីឃាតកម្មព្រៃផ្សៃលើជនជាតិកូរ៉េ ដែលបានកើតឡើងនៅប្រទេសថៃ ដែលសារព័ត៌មានត្រយងបានស្រាវជ្រាវរកឃើញមានដូចខាងក្រោម៖ ករណីទីមួយមាន យុវជនជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ លោក Roh Eui Jong មានអាយុ ៣៤ ឆ្នាំត្រូវបានមិត្តរួមជាតិចំនួន ២ នាក់សម្លាប់បំបែកសាកសពហើយយកសពញាត់ចូលក្នុងធុងទឹកខ្មៅចំណុះ ២០០ លីត្រ រួចចាក់ស៊ីម៉ង់ត៍និងរុំខ្សែបិទជិត នាំយកទៅទម្លាក់ចោលក្នុងអាងស្តុកទឹក ម៉ាបប្រាឆាន់ ក្នុងខេត្តឈុនបុរី ។ ក្រោយមកសាកសពត្រូវបានគេរកឃើញកាលពីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤។
យ៉ាងណាមិញកាលវិភាគសង្ខេបពីរឿងក្ដីឃាតកម្មនេះបានបញ្ជាក់ថា នៅថ្ងៃទី ៣ ឧសភា ២០២៤ ប្រហែលម៉ោង ២ ទៀបភ្លឺ កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុរសជនជាតិកូរ៉េ ២ នាក់បានចាប់ជនរងគ្រោះគឺលោក Roh ដាក់ក្នុងរថយន្តជួលហើយបើកចេញទៅទិសដៅទៅខេត្តនៃសួនសុភិនីប៉ាតាយ៉ា។ ក្រោយមកពួកគេបានប្តូររថយន្តជួលមួយទៀតជារថយន្តភីកអាប់ និងបានជួលផ្ទះស្នាក់នៅក្បែរអាងស្តុកទឹកម៉ាបប្រាឆាន់ ខេត្តឈុនបុរី។ លុះដល់ថ្ងៃទី ៤ ឧសភា ប្រហែលម៉ោង ៩ យប់ រថយន្តភីកអាប់មួយគ្រឿងនោះបានបើកចេញពីកន្លែងស្នាក់នៅ ដោយមានដាក់ធុងខ្មៅខាងក្រោយគ្របក្រណាត់ខ្មៅយ៉ាងជិត ហើយបានទៅចតនៅក្បែរអាងស្តុកទឹកនោះប្រហែល ១ ម៉ោងអាធាត្រ។
បន្ទាប់មកនៅថ្ងៃទី ៧ ឧសភា ម្តាយរបស់លោក Roh នៅប្រទេសកូរ៉េខាងត្បូងបានទទួលទូរស័ព្ទអាថ៌កំបាំងមួយ ដែលទាមទារប្រាក់លោះចំនួន ៣ លានបាត (ប្រហែល ៨១,០០០ ដុល្លារអាមេរិក) ទាំងគំរាមថាកូនប្រុសរបស់គាត់ត្រូវប៉ូលិសចាប់ពីបទចោលគ្រឿងញៀនចូលក្នុងទឹកនៅក្នុងប្រទេសថៃ បណ្តាលឱ្យពួកគេខាតបង់យ៉ាងមហាសាល។ ពួកគេគំរាមសម្លាប់លោក Roh បើមិនបានប្រាក់តាមចំនួន។ ម្តាយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅស្ថានទូតកូរ៉េ និងសម្របសម្រួលជាមួយប៉ូលិសថៃ។
ថ្ងៃទី ១១ ឧសភា ប៉ូលិសបានរេកម្លាំងអ្នកមុជទឹកទៅស្វែងរកនៅអាងស្តុកទឹក ហើយបានរកឃើញធុងទឹកពណ៌ខ្មៅចំណុះ ២០០ លីត្រ ដែលមានចាក់ស៊ីម៉ង់ត៍ ហើយនៅខាងក្នុងមានសពមនុស្សជាចំណិត។ ប៉ូលិសជឿជាក់ថាជាសពរបស់លោក Roh Eui Jong។ ដោយឡែកករណីឃាតកម្មនេះប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យទាំង ២ នាក់។ ជនសង្ស័យម្នាក់បានរត់គេចខ្លួនចេញពីប្រទេសថៃកាលពីថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២៤ យ៉ាងមានសុវត្ថិភាព ហើយម្នាក់ទៀតកំពុងស្ថិតក្នុងការតាមចាប់ខ្លួននិងគ្មានតម្រុយ។ សាកសពវិញត្រូវបានគេរាយការណ៍ថាមានស្លាកស្នាមធ្វើទារុណកម្មយ៉ាងឃោរឃៅ និងបានកាត់ផ្តាច់ម្រាមដៃទាំង ១០ ផងដែរ។
ទោះជាយ៉ាងណារឿងក្ដីឃាតកម្មលើជនជាតិកូរ៉េនៅមិនទាន់ចាកចេញពីប្រទេសថៃនៅឡើយទេ ករណីទីពីរដែលសារព័តមានត្រយងសូមលើកយកមកបង្ហាញជូន ពិតជាឃោរឃៅនឹកស្មានមិនដល់។ ករណីនេះកើតឡើងនៅឆ្នាំ ២០១៩ ដែលសារព័ត៌មានថៃធំបានផ្សាយថា ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទាំងអស់ក្នុងករណីឃាតកម្មហាន់សាកសពជនជាតិកូរ៉េខាងត្បូងមានឈ្មោះ Choe Myeonghun រួចយកទៅផ្លុងចោលនៅក្នុងព្រៃស្ងាត់ខេត្តរ៉ាក់យ៉ង និងបានប្រកាសបិទបញ្ចប់សំណុំរឿងនេះនៅថ្ងៃទី ២៥ មករា ២០១៩។ Source: Sophanna Mao


