យោងតាមវីដេអូដែលត្រូវបានចែកចាយ ក្មេងស្រីម្នាក់ ទំនងជាអ្នករើសអេតចាយ បាននឹងកំពុងអូសរទេះមួយ ដែលមិនត្រឹមតែផ្ទុកទៅដោយសម្ភារៈអេតចាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្អូនតូចរបស់នាងឈរនៅក្នុងរទេះនោះផងដែរ។ នាងបានអូសរទេះដើរតាមផ្លូវក្រោមស្ថានភាពអាកាសធាតុក្ដៅ ទាំងជូតញើស ឬទឹកភ្នែកផង ដើម្បីបន្តដំណើរទៅមុខទៀតក្នុងការស្វែងរកអេតចាយ ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមប្អូន។
សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពី «ជីវិតគឺការតស៊ូ» ហើយទោះបីជានឿយហត់យ៉ាងណាក៏ដោយ ក៏ក្មេងស្រីជាបង នៅតែព្យាយាមបំពេញតួនាទីរបស់ខ្លួន។
ទឹកចិត្តដ៏អំណត់ និងការស្រឡាញ់ប្អូនរបស់នាង បានធ្វើឲ្យមហាជនជាច្រើនដែលបានឃើញ មានអារម្មណ៍អាណិតអាសូរ និងកោតសរសើរចំពោះស្មារតីតស៊ូរបស់នាងយ៉ាងខ្លាំង។ រូបភាពនេះបានឆក់យកបេះដូងអ្នកទស្សនា និងរំលឹកពីតម្លៃនៃការតស៊ូក្នុងជីវិត។