បើទោះរស់នៅក្រៅប្រទេស តែអ្នកផលិតមាតិកាវិភាគសង្គមដ៏ល្បី អ្នកស្រី កន្និដ្ឋា ម្ចាស់ផេក The Kanitha Show តែងបង្ហោះវីដេអូ វិភាគអំពីស្ថានភាពក្នុងប្រទេសកម្ពុជាជានិច្ច។ ជាក់ស្តែង ដូចថ្មីៗនេះ អ្នកស្រីបានផ្តល់យោបល់អំពីការលក់មាសជាតិរបស់កម្ពុជា ដើម្បីទិញសព្វាវុធពីកូរ៉េខាងត្បូងសម្រាប់ការពារប្រទេសយើង។

តាមរយៈវីដេអូចំណងជើង «ព្រៃកុងតឺន័រ» អ្នកស្រី កន្និដ្ឋា បានរៀបរាប់សំដៅទៅកាន់ចោរព្រៃឈ្លានពាន ដែលវានឹងបង្ករឿងជាន់មីននៅពេលណាមួយទៀតក៏ថាបាន តែអ្វីដែលសំខាន់ ថាតើយើងបានត្រៀមខ្លួនទុកជាមុនហើយឬនៅ។ សម្រាប់ចំណុចនេះ អ្នកស្រីបានផ្តល់យោបល់ ដោយកម្ពុជាអាចលក់មាសជាតិខ្លះ ដើម្បីទិញប្រព័ន្ធការពារដែនអាកាសពិតប្រាកដ មិនមែនដូចប្រភេទរបស់ចិន។

អ្នកស្រីឱ្យយោបល់ថា ប្រទេសកម្ពុជាមានមាសជាតិ ៥៤ តោន ដូចនេះ អាចលក់ចំនួន ១០ តោនស្មើនឹង ១ ពាន់ ៣ រយលានដុល្លារ ដើម្បីយកទៅទិញគ្រឿងសព្វាវុធពីកូរ៉េខាងត្បូង។ ហេតុផលនេះ ក៏ដោយសារកូរ៉េខាងត្បូង ជាប្រទេសតែមួយគត់ ដែលអាចផលិតប្រព័ន្ធការពារដែនអាកាសបានលឿនជាងគេ ជាប្រទេសខ្លាំងខាងផលិតសព្វាវុធ ហើយក៏ជាប្រទេស ដែលផ្តល់ឱកាសព្រមលក់ឱ្យមកកម្ពុជាខ្ពស់ជាងប្រទេសផ្សេង ដែលយើងទៅសុំទិញដូចជា អាមេរិក និង អឺរ៉ុបជាដើម។

លោកស្រីលម្អិតថា ជាមួយទឹកប្រាក់ដែលកម្ពុជាលក់មានចំនួន ១០ តោន យើងអាចទិញប្រព័ន្ធការពារដែនអាកាសពីកូរ៉េខាងត្បូងហៅថា ឈិនកុង ដែលមានវាមានគុណភាពខ្ពស់ និង ទំនើបខ្លាំង។ យើងទិញវាចំនួន ៣ គ្រឿង មួយគ្រឿងបាញ់បាន ៨ គ្រាប់ និង ត្រូវទិញគ្រាប់មីសីលទុកឱ្យបានច្រើនផងដែរ។ អ្នកស្រីថា នេះទើបហៅថាប្រព័ន្ធការពារដែនអាកាសពិតប្រាដក ដែលវាមិនដូចប្រភេទទិញពីខាងចិន ដែលយើងឃើញជាក់ស្តែង អាវុធពីខាងចិន មិនបានជួយអ្វីទេ មានតែខាតលុយ។

បន្ទាប់មកយើងទិញគ្រឿងអាវុធប្រឆាំងនឹងដ្រូន ដើម្បីការពារកុំឱ្យគេកម្ទេចប្រព័ន្ធការពារដែនអាកាសយើងផងដែរ។ ដូចនេះ ពេលយន្តហោះសត្រូវមិនអាចហោះខ្ពស់ យើងប្រើអាវុធមួយប្រភេទទៀតបាញ់ទម្លាក់។ ជារួម យើងមានប្រព័ន្ធការពារដែនអាកាស ៣ ជាន់។ ហើយសល់លុយប៉ុន្មានទៀត ទិញរថក្រោះទំនើបចំនួន ២០ គ្រឿង និង ដ្រូនទាំងប្រភេទតូច និង ធំ។



ជាចុងក្រោយ អ្នកស្រី កន្និដ្ឋា បន្ថែមដែរថា សព្វថ្ងៃនេះ កូរ៉េខាងត្បូងក្លាយជាប្រទេសខ្លាំងខាងផលិតគ្រឿងសព្វាវុធ។ ដូច្នេះ ការដែលកម្ពុជាលក់មាសចេញចំនួន ១០ តោន ដើម្បីយកទៅទិញគ្រឿងអាវុធដើម្បីការពារប្រទេសជាតិ ក្នុងគ្រាមានអាសន្នបែបនេះ គឺវាស័ក្តិសមបំផុតហើយ។ មួយវិញទៀត ដើម្បីកុំឱ្យហួសពេល ត្រូវលក់មាសចេញទិញអាវុធនៅពេលនេះ ដោយហេតុនៅកូរ៉េខាងត្បូង គេត្រូវការរយៈពេល ២ ទៅ ៣ ឆ្នាំ ឯណោះក្នុងការផលិតគ្រឿងអាវុធមកឱ្យយើងបាន។ យើងមិនអាចពន្យាពេលបានទៀតទេ៕
