ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពបេក្ខជន JayX ក្នុងបទ “ស្រែ” និងបានលើកឡើងពីកង្វល់របស់ប្រជាកសិករ

(ភ្នំពេញ)៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងចំពោះបេក្ខជន JayX មកពីខេត្តព្រៃវែង ក្នុងកម្មវិធីប្រឡងសមត្ថភាព “The Next Level: Rapstar” ជាពិសេសតាមរយៈការសម្ដែងបទចម្រៀងដែលមានចំណងជើងថា “ស្រែ”។

ឯកឧត្តមបានបញ្ជាក់ថា ការចេញមកផ្ដល់មតិសរសើរនៅពេលនេះ គឺមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃកម្មវិធីប្រកួតនោះទេ ដោយឯកឧត្តមយល់ឃើញថា បេក្ខជនទាំងអស់សុទ្ធតែមានសមត្ថភាពរៀងៗខ្លួន និងបានជូនពរឱ្យអ្នកដែលឆ្នើមបំផុតទទួលបានជោគជ័យ។

ទោះជាយ៉ាងណា ក្រោយពីបានទស្សនាការសម្ដែងបទ “ស្រែ” របស់បេក្ខជន JayX ឯកឧត្តម ហ៊ុន ម៉ានី បានប្រើពាក្យ “Wow” ដើម្បីពណ៌នាពីអារម្មណ៍រំភើប ចំពោះភាពច្នៃប្រឌិតទាំងលើចង្វាក់ភ្លេង (Beat) អត្ថន័យទំនុកច្រៀង ការសម្ដែងដ៏រស់រវើក និងការបញ្ចេញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៅក្នុងសាច់រឿង ដែលធ្វើឱ្យទស្សនិកជន ក៏ដូចជាគណៈកម្មការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្វីដែលគួរឱ្យកត់សម្គាល់ ឯកឧត្តមបានលើកយកចំណុចនៃខ្លឹមសារបទចម្រៀង ដែលនិយាយអំពី «តម្លៃស្រូវ» មកបកស្រាយបន្ថែម។ ក្នុងបទចម្រៀងនោះ JayX បានរៀបរាប់ថា «ចង់ឱ្យស្រូវឡើងតម្លៃដូចកាលឆ្នាំ២០០៨»។ ត្រង់ចំណុចនេះ ឯកឧត្តម ហ៊ុន ម៉ានី បានយល់ឃើញថា វាគឺជាការឆ្លុះបញ្ចាំងពីតថភាពទីផ្សារ ដែលមានការប្រែប្រួលអាស្រ័យលើតម្រូវការ មិនខុសពីតម្លៃប្រេងដែលកំពុងឡើងថ្លៃដោយសារសង្គ្រាមនៅអ៊ីរ៉ង់នាពេលបច្ចុប្បន្ននោះឡើយ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងប្រាថ្នាចង់បាន និងខិតខំប្រឹងប្រែង គឺជីវភាពរស់នៅដ៏សុខសាន្តសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលឹកពីស្មារតី “នៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា” ដែលជាស្មារតីស្នេហាជាតិដ៏មាំមួនផងដែរ។

ការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំបែបនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះសិល្បៈយុវវ័យ និងការយល់ដឹងពីសុខទុក្ខរបស់ប្រជាកសិករតាមរយៈការច្នៃប្រឌិតបែបសិល្បៈទំនើប៕

Leave a Reply

Your email address will not be published. Required fields are marked *