អង្គភាពការពារកុមារ (CPU) ៖ ជនល្មើសនឹងត្រូវបាននាំមកផ្ត-ន្ទា-ទោ-សតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជ-ន-រង-គ្រោះ និងក្រុមគ្រួសាររបស់ពួកគេ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីរំលោភសម្លាប់កុមារីអាយុ ១៤ឆ្នាំម្នាក់ ដែលសាកសពត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹកនៃសាលាបឋមសិក្សាមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

អង្គភាពការពារកុមារ (CPU) បានចេញរបាយការណ៍លម្អិតពីករណីនេះ ដោយបញ្ជាក់ថា ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) របស់ CPU បានសហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យសាកសព និងត្រួតពិនិត្យកន្លែងកើតហេតុ។

ជាលទ្ធផល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យ ២នាក់ និងបានឃាត់ខ្លួនពួកគេត្រឹមប៉ុន្មានម៉ោងក្រោយការរកឃើញសាកសព។ ជនសង្ស័យទាំងពីរបានសារភាពពីបទល្មើសនេះ ហើយក៏បានបង្ហាញថាមានជនសង្ស័យទីបីម្នាក់ទៀតពាក់ព័ន្ធផងដែរ។ ក្រុមការងារចម្រុះបានបន្តតាមប្រមាញ់ និងឃាត់ខ្លួនជនសង្ស័យទីបីបានប៉ុន្មានម៉ោងក្រោយមក។

អង្គភាពការពារកុមារ (CPU) បានថ្លែងអំណរគុណដល់មន្ត្រីនគរបាលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឲ្យទទួលបានលទ្ធផលដ៏ឆាប់រហ័សនេះ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានប្រគល់សម្ភាររបស់ជនរងគ្រោះ (ខ្សែក និងទូរស័ព្ទ) ជូនក្រុមគ្រួសារសព រួមជាមួយថវិកាចំនួន ៤០ម៉ឺនរៀល ដើម្បីចូលរួមរំលែកទុក្ខ។

CPU បានសង្កត់ធ្ងន់ថា នេះជាករណីសោកនាដកម្មដ៏ឃោរឃៅ ហើយសមត្ថកិច្ចកម្ពុជាប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងរាល់បទល្មើសលើកុមារ និងធានាថាជនល្មើសនឹងត្រូវបាននាំមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

Leave a Reply

Your email address will not be published. Required fields are marked *