រំជួលចិត្តអាណិតខ្លាំង! កុមារីវ័យ ៦ឆ្នាំដ៏កតញ្ញូ កើតជំងឺមហារីកឈាម ធ្លុយមាត់ចង់យកកាំបិតចាក់ទ្រូងខ្លួនឯង ដើម្បីកុំឲ្យឪពុកម្តាយលំបាក

(ភ្នំពេញ)៖ រឿងរ៉ាវដ៏សែនកម្សត់ និងរំជួលចិត្តជាទីបំផុតមួយកំពុងធ្វើឲ្យមហាជនទប់ទឹកភ្នែកស្ទើរពុំបាន បន្ទាប់ពីបានជ្រាបពីខ្សែជីវិតរបស់កុមារីតូចម្នាក់អាយុទើបតែ ៦ឆ្នាំ ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺមហារីកគ្រាប់ឈាមដ៏កាចសាហាវ ទាំងវ័យក្មេងខ្ចី។

បើទោះបីជាមានវ័យទើបតែ ៦ឆ្នាំ ប៉ុន្តែកុមារីរូបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាក្មេងស្រីដ៏ឆ្លាតវៃ មានចិត្តមេត្តា ធម៌សណ្តោសប្រណី និងដឹងគុណឪពុកម្តាយយ៉ាងក្រៃលែង។ អ្វីដែលគួរឲ្យស្ងើចសរសើរ និងរំជួលចិត្តបំផុតនោះ គឺនាងមានចិត្តបុណ្យ ចេះចែករំលែក និងធ្វើទានដល់អ្នកក្រីក្រកម្សត់តាំងពីនាងមានអាយុទើបតែ ៣ឆ្នាំម៉្លេះ ដែលនេះសបញ្ជាក់ឲ្យឃើញពីបេះដូងដ៏បរិសុទ្ធរបស់នាង។

យ៉ាងណាមិញ ព្រហ្មលិខិតហាក់ដូចជាឃោរឃៅខ្លាំងណាស់ចំពោះក្មេងស្រីតូចរូបនេះ ដោយបានទម្លាក់ជំងឺមហារីកគ្រាប់ឈាមដ៏សែនទារុណមកលើរាងកាយតូចច្រឡឹងរបស់នាង។ អ្វីដែលធ្វើឲ្យអ្នកដែលបានដឹងរឿងរ៉ាវនេះក្តុកក្តួល ស្រក់ទឹកភ្នែកអាណិតនាងនោះ គឺដោយសារតែការឈឺចាប់ក្នុងខ្លួនខ្លាំងពេក បូករួមទាំងក្តីអាណិតមិនចង់ឃើញអ្នកមានគុណទាំងពីរត្រូវរងទុក្ខលំបាកដោយសារខ្លួន កុមារីតូចរូបនេះបានធ្លុយមាត់ថា «ចង់យកកាំបិតចាក់ទ្រូងខ្លួនឯង ដើម្បីបញ្ចប់រាល់ការឈឺចាប់គ្រប់យ៉ាង»។

សម្តីមួយឃ្លានេះ បានចាក់ដោតបេះដូងអ្នកស្តាប់ស្ទើរធ្លាយ ជាពិសេសគឺឪពុកម្តាយរបស់នាងផ្ទាល់ ដែលត្រូវអង្គុយមើលកូនស្រីជាទីស្រឡាញ់រងការឈឺចាប់ដោយមិនអាចជួយរំលែកបាន។ ក្មេងអាយុប៉ុណ្ណេះ គួរណាស់តែបានរត់លេងសប្បាយ និងទទួលបានភាពកក់ក្តៅ ប៉ុន្តែបែរជាត្រូវមកទទួលរងទារុណកម្មពីជំងឺដ៏កាចសាហាវនេះទៅវិញ។

មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើន ដែលបានជ្រាបពីដំណឹងនេះ បានសម្តែងនូវក្តីអាណិតអាសូរជាពន់ពេក និងបានចូលរួមផ្ញើសារបួងសួងសុំឲ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយតាមថែរក្សា និងប្រទានពរជ័យឲ្យក្មួយស្រីដ៏កតញ្ញូ និងមានចិត្តបុណ្យរូបនេះ ឆាប់បានជាសះស្បើយពីជំងឺ ដើម្បីបានត្រឡប់មកប្រើជីវិតជាកុមារីដ៏រស់រវើក និងជាទីពឹងរបស់ឪពុកម្តាយទៅថ្ងៃអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *