អាណោចអាធ័មបំផុត! គ្រោះថ្នាក់ចរាចរណ៍ផ្តាច់សង្ខារប្តីប្រពន្ធទាំងព្រឹកព្រលឹម បន្សល់ទុកកូនតូចៗឱ្យកំព្រា រីឯកូនស្រីម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់

[ក្រុងអរិយក្សត្រ]៖ នាព្រឹកព្រលឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បណ្តាលឱ្យមនុស្សពីរនាក់ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ រួមជាមួយកូនស្រីតូចអាយុ ៣ ឆ្នាំម្នាក់ បានជិះម៉ូតូចេញពីផ្ទះក្នុងគោលបំណងទៅធ្វើឈូក។ ជាអកុសល ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលទៅបុក និងកិនពីលើ បណ្តាលឱ្យប្តីប្រពន្ធស្លាប់ភ្លាមៗ ចំណែកឯកូនស្រីតូចដែលធ្វើដំណើរជាមួយ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

សាច់ញាតិជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា គ្រួសារនេះមានជីវភាពខ្វះខាតខ្លាំងណាស់ ដោយមានកូនក្នុងបន្ទុកចំនួន ៣ នាក់ (ប្រុស ២ នាក់ និងស្រី ១ នាក់)។ កូនប្រុសទាំង ២ នាក់កំពុងស្ថិតក្នុងវ័យសិក្សា រីឯកូនស្រីពៅដែលរងគ្រោះជាមួយឪពុកម្តាយ ពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ដែលមិនទាន់ដឹងថាអាចឆ្លងផុតគ្រោះថ្នាក់ដល់ជីវិតឬយ៉ាងណានោះទេ។

មហាជនដែលបានឃើញហេតុការណ៍នេះ សម្តែងការសោកស្តាយជាពន់ពេក និងបានអំពាវនាវដល់អ្នកបើកបរឡានដឹកដីទាំងអស់ សូមមេត្តាបើកបរដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការបង្កសោកនាដកម្មដល់គ្រួសារអ្នកដទៃបែបនេះទៀត។

Leave a Reply

Your email address will not be published. Required fields are marked *