(ស្ទឹងត្រែង)៖ រឿងរ៉ាវដ៏គួរឱ្យរំភើបនិងកក់ក្ដៅមួយបានកើតឡើងចំពោះគ្រួសាររបស់វីរកងទ័ព ឈុន មករា (ជាវីរកងទ័ព ១រូប ក្នុងចំណោម ១៨រូប) បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មបម្រើជាតិ និងត្រឡប់មកដល់លំនៅដ្ឋានវិញភ្លាម ភរិយាក៏បានសម្រាលកូនប្រុសដ៏គួរឱ្យស្រឡាញ់ភ្លាម ដែលមើលទៅហាក់បីដូចជាកូនតូចបានរង់ចាំផ្លូវឪពុកមកដល់សិន ទើបព្រមចាប់កំណើត។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា លោក ឈុន មករា បានបញ្ចប់បេសកកម្ម និងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់មក លោកបានធ្វើដំណើរមកដល់លំនៅដ្ឋាននៅឯខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ អ្វីដែលជាការចៃដន្យដ៏អស្ចារ្យនោះ គឺនៅថ្ងៃបន្ទាប់ (ថ្ងៃទី៤ ខែមករា) កូនប្រុសរបស់លោកក៏បានចាប់កំណើតឃើញពន្លឺព្រះអាទិត្យតែម្តង។
ការមកដល់របស់សមាជិកថ្មីចំពេលដែលឪពុកទើបត្រឡប់ពីសមរភូមិ ឬបេសកកម្មបែបនេះ ត្រូវបានមហាជនចាត់ទុកថាជាសំណាង និងសុភមង្គលដ៏ធំធេងសម្រាប់គ្រួសារកងទ័ព។ មហាជនបានចូលរួមត្រេកអរ និងជូនពរឱ្យកូនតូចមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពទាំងអស់ដែលបានលះបង់ដើម្បីជាតិមាតុភូមិ៕