Update: ករ-ណីរំ-លោ-ភស-ម្លា-ប់ក្មេងស្រីវ័យ ១៥ឆ្នាំសមត្ថកិច្ចបញ្ជាក់ថាមានជនសង្ស័យតែ ៣ នាក់ប៉ុណ្ណោះដែលត្រូវបានចា-ប់ខ្លួន

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានការបំភ្លឺមួយជុំវិញករណីរំលោភសម្លាប់ក្មេងស្រីអាយុ ១៥ ឆ្នាំ នៅខណ្ឌព្រែកព្នៅ ដែលពីដំបូងឡើយមានការផ្សព្វផ្សាយថាមានជនសង្ស័យរហូតដល់ ៨ នាក់។

សមត្ថកិច្ចបានចេញមុខបញ្ជាក់ថា តាមពិតមានតែ ជនសង្ស័យចំនួន ៣ នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះ ហើយការផ្សព្វផ្សាយថាជាករណីរំលោភបូក ៨ នាក់ គឺមិនត្រឹមត្រូវឡើយ។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំដោយផ្ទាល់លើករណីនេះ បានអះអាងថា ការផ្សាយខុសពីការពិតនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងកិត្តិយសក្រុមគ្រួសារនៃសព ព្រមទាំងបង្កឱ្យមានការយល់ច្រឡំក្នុងចំណោមមហាជន។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានសង្កត់ធ្ងន់ផងដែរថា ដំណើរការពិនិត្យធ្វើកោសល្យវិច័យលើសាកសពត្រូវបានធ្វើឡើងប្រកបដោយ ជំនាញវិជ្ជាជីវៈខ្ពស់ និងក្រមសីលធម៌ត្រឹមត្រូវ ដោយមានការចូលរួមពីព្រះរាជអាជ្ញា លោកគ្រូពេទ្យតុលាការ មន្ត្រីនគរបាលជំនាញ និងអង្គការ CPU។ ការអះអាងនេះគឺដើម្បីឆ្លើយតបទៅនឹងការផ្សាយរបស់បណ្ដាញព័ត៌មានមួយចំនួនតូចដែលមិនបានឆ្លុះបញ្ចាំងការពិត។

សមត្ថកិច្ចអំពាវនាវដល់សាធារណជន និងបណ្តាញព័ត៌មានទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់ភាគីពាក់ព័ន្ធ និងរក្សាបាននូវភាពត្រឹមត្រូវនៃព័ត៌មាន។

Leave a Reply

Your email address will not be published. Required fields are marked *